ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ១៤:០៩ ល្ងាច
តួនាទីភារកិច្ចនាយកដ្ឋានរដ្ឋបាល-សរុប
នាយកដ្ឋានរដ្ឋបាលសរុប មានតួនាទីធ្វើជាសេនាធិការ លើការងាររដ្ឋបាល រួមមានការចាត់ចែងឯកសារនានា ការរៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា រួមទាំងការធ្វើកំណត់ហេតុ ឬរបាយការណ៍លទ្ធផលនៃការប្រជុំ ការងារពិធីការ ការគ្រប់គ្រងត្រា ការងារប័ណ្ណសារ ធ្វើរបាយការណ៍បូកសរុប និងទិសដៅការងារតាមរបបកំណត់ និងមានភារកិច្ចដូចតទៅៈ
១. ធ្វើការងារសម្របសម្រួលជាមួយបណ្តានាយកដ្ឋាន សមត្ថកិច្ចចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងដល់ការងារ អត្តសញ្ញាណប្រជាពលរដ្ឋ ។
២. ធ្វើកិច្ចសហការជាមួយបណ្តានាយកដ្ឋានពាក់ព័ន្ធ លើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ឬកម្មវិធីការងារ របស់អគ្គនាយកដ្ឋាន ។
៣. ធ្វើកិច្ចការទំនាក់ទំនងសាធារណៈ
៤. សហការជាមួយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងការប្រមូលចំណូល ថវិកាជាតិពីការងារ អត្តសញ្ញាណកម្មតាមការកំណត់។
៥. ធ្វើការងារភស្តុភារ គណនេយ្យ និងការងារបុគ្គលិក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
៦. បំពេញភារៈកិច្ចផ្សេងៗទៀត ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រគល់ឲ្យ ។