កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋានដែលលោកអ្នកអាចកែបាន ដោយមិនឡើងដល់តុលាការ?
ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១២:០៤ ល្ងាច

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋានដែលលោកអ្នកអាចកែបាន ដោយមិនឡើងដល់តុលាការ?

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋានដែលលោកអ្នកអាចកែបាន ដោយមិនឡើងដល់តុលាការ?
យោងតាមសេចក្តីណែនាំលេខ០០៦ សណន របស់ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួងបានសម្រេចដាក់ចេញសេចក្តី ណែនាំថ្មី ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួមហាផ្ទៃ។
ចំពោះទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបាន លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំ ព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងករណីណាមួយដូចជា ការខុសឆ្គងអក្ខរាវិរុទ្ធលើ នាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុស គ្នា ឬមានកំហុសផ្សេងទៀត)។
ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជាភេទ “ប្រុស” តែសរសេរដាក់ថាភេទ “ស្រី” ឬភេទ “ស្រី” តែសរសេរដាក់ថាភេទ “ប្រុស” ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ករណីខុសថ្ងៃកំណើតសុរិយគតិ ដូចជាថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា។ ខុសថ្ងៃកំណើតចន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ១៩៨៩ ប៉ុន្តែជាក់ស្តែង ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៩ ជាថ្ងៃអង្គារ ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ដូចជាសរសេរដាក់ថា ស្រុកអង្គរបុរី ខេត្តសៀមរាប ប៉ុន្តែ ជាក់ស្តែងស្រុកអង្គរបុរី ស្ថិតនៅក្នុងខេត្តតាកែវ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវដូចគ្នាដែរ។
បន្ថែមលើនេះ ករណីមាន ខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួនបានកើតជាក់ស្តែង ឬសរសេរ ខុសទីតាំងភូមិសាស្ត្ររដ្ឋបាលនាសម័យដែលបុគ្គលនោះកើត។ ឧទាហរណ៍ បញ្ជីកំណើតរបស់បុគ្គល ម្នាក់បានចុះថាកើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ពីព្រោះនៅឆ្នាំ១៩៨៥ មិនទាន់បង្កើតខេត្តបន្ទាយមានជ័យ នៅឡើយ និងការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន លើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់ និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវបានដូចគ្នា។
ដោយឡែកចំពោះការមោឃភាពបញ្ជីអត្រានុកូលដ្ឋានវិញ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ការមោឃភាព អាចធ្វើបានក្នុងករណីណាមួយដូចជា ការចុះបញ្ជីផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ការចុះខុសបែបបទ នីតិវិធីនៃការងារអត្រានុកូលដ្ឋាន ចុះបញ្ជីអត្រានុកូលដ្ឋានលើសពី ១ (មួយ) ដង នៅកន្លែងដដែល ឬនៅកន្លែងផ្សេងទៀត និងការមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។
បន្ទាប់ពីបានដឹងច្បាស់នូវករណីដែលអាចស្នើសុំកែតម្រូវបាន ដោយពុំចាំបាច់ឡើងដល់ស្ថាប័នតុលាការ ខាងក្រោមនេះជានីតិវិធីដោះស្រាយងាយៗដែលអ្នកក៏ត្រូវដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ចំពោះការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន បើស្ថិតនៅក្នុងឆ្នាំដែលកំពុងអនុវត្ត (គិតពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី៣១ ខែធ្នូ) គឺលោកអ្នកអាចធ្វើការស្នើបានតាមរយៈ ឃុំ សង្កាត់ របស់ខ្លួនដែលបានចុះបញ្ជី ប៉ុន្តែបើផុតពីឆ្នាំដែលអនុវត្តវិញ ការស្នើសុំកែតម្រូវទិន្នន័យ គឺស្ថិតនៅថ្នាក់ជាតិ (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ផ្ទុយពីនេះ រាល់ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលមិនមែនជាសមត្ថកិច្ចរបស់ មន្ត្រីអត្រានុកូលដ្ឋាន ពោលគឺក្រៅពីចំណុចដែលបញ្ជាក់ពីការដែលអាចកែតម្រូវបាននោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបប្រជុំរវាងការិយាល័យកុងស៊ុល នៃស្ថានទូតសហរដ្ឋអាម៉េរិក ពិភាក្សាលើការសហការជាមួយគ្នាក្នុងការទប់ស្ដាត់ការក្លែងបន្លំអត្តសញ្ញាណ និងការប្រើប្រាស់ឯកសារអត្តសញ្ញាណក្លែងក្លាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបប្រជុំរវាងការិយាល័យកុងស៊ុល នៃស្ថានទូតសហរដ្ឋអាម៉េរិក ពិភាក្សាលើការសហការជាមួយគ្នាក្នុងការទប់ស្ដាត់ការក្ល...

០២ មេសា ២០២៥

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមាន...

៣០ មករា ២០២៦

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្ន...

១៩ មករា ២០២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមទូលសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា

ទូលព្រះបង្គំ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលទាំងអស់ ចំណុះអ...

២០ មិថុនា ២០២១

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម