ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត!
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១៩:០៤ ល្ងាច

ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត!

ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន តែប្រជាពលរដ្ឋសប្បាយចិត្ត!
.......
ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់នោះស្រាប់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ភារកិច្ចផ្ដល់សេវានេះ អាចជាបន្ទុកការងារថ្មីមួយទៀត បន្ថែមលើតួនាទី និងភារកិច្ចស្នូលរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ជាអាទិ៍ ការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាផ្សេងទៀត។
កញ្ញា ស៊ាន ធីតា មន្រ្តីសុខាភិបាលរស់នៅខណ្ឌច្បារអំពៅថ្លែងថា នាងពិតជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា សេវាធ្វើសៀវភៅស្នាក់នៅឥឡូវ ត្រូវទៅសុំត្រឹមតែប៉ុស្តិ៍នគរបាលសង្កាត់ ពីព្រោះតាមបទពិសោធន៍ដែលនាងមករស់នៅរាជធានីភ្នំពេញដំបូង គឺបានទៅស្នើសុំសេវានេះ២ដំណាក់កាលឯណោះ គឺពីប៉ុស្តិ៍ដល់អធិការដ្ឋាន។ បើតាមពលរដ្ឋជាយុវជនរូបនេះ ការផ្ទេរតួនាទីបម្រើសេវាសាមញ្ញៗពីថ្នាក់លើមកឱ្យសមត្ថកិច្ចថ្នាក់ក្រោម គឺពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់ពលរដ្ឋ ប៉ុន្តែនាងក៏ដឹងដែរថា តាមការសង្កេតរាល់ថ្ងៃ មន្រ្តីនគរបាលប៉ុស្តិ៍របស់នាង គឺប៉ុស្តិ៍នគរបាលសង្កាត់និរោធិ៍ រវល់ទាំងការងារសេវាខាងក្នុង ការងារចរាចរណ៍ខាងក្រៅ និងការងារល្បាតពេលយប់។
មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ពិតជាបានផ្ដល់សេវាសៀវភៅស្នាក់នៅបានលឿនរហ័សជាងមុន។ ជាក់ស្ដែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម នៃខណ្ឌសែនសុខ បានផ្ដល់សេវាសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ លឿនជាងពេលកំណត់ ពោលគឺឱ្យតែពលរដ្ឋមានឯកសារគ្រប់គ្រាន់ មន្រ្តីនឹងលៃលកពេលវេលាចាត់នីតិវិធីជូន ដោយពេលខ្លះត្រឹមតែ៣ថ្ងៃ ទៅ១សប្ដាហ៍ប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម។ លោកបន្ថែមថា ថ្វីដ្បិតការងារនេះថ្មី ប៉ុន្តែទាំងរូបលោក និងមន្រ្តីជំនាញ ក៏មានបទពិសោធន៍ជាច្រើនឆ្នាំមកហើយដែរ។
ថ្លែងប្រាប់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ត្រី នាង ផល្លី បានរម្លឹកថា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម បានទទួលការប្រតិភូកម្មការងារធ្វើសៀវភៅស្នាក់នៅ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយបានប្រព្រឹត្តទៅយ៉ាងរលូនចាប់ពីពេលនោះមក។ លោកអះអាងថា កន្លងមក ប៉ុស្តិ៍នគរបាលរបស់លោក បានទទួលរៀបចំសំណើធ្វើសៀវភៅស្នាក់នៅនេះជូនប្រជាពលរដ្ឋ និងបញ្ជូនទៅអធិការដ្ឋានចុះហត្ថលេខា ប៉ុន្តែចាប់ពីខែកក្កដា ឆ្នាំ២០២០មក ការបំពេញបែបបទក៏នៅប៉ុស្តិ៍នគរបាល ហើយរូបលោកជានាយ ឬមេប៉ុស្តិ៍នេះ ក៏ជាអ្នកមានសិទ្ធិចុះហត្ថលេខាបោះត្រាលើសៀវភៅនេះជូនប្រជាពលរដ្ឋតែម្ដង។
បើតាមលោកវរសនីយ៍ត្រី បន្ទុកការងារនេះមិនបានរំខាន ឬក៏ធ្វើឱ្យនគរបាលប៉ុស្តិ៍ជួបការលំបាកអ្វីពេកនោះដែរ ដោយសាររូបលោក បានបែងចែកតួនាទី ច្បាស់លាស់ មិនថាម៉ោងរដ្ឋបាលទូទៅ និងម៉ោងល្បាតប្រចាំការ។ «នៅសង្កាត់ខ្ញុំនេះ មាន៦ភូមិ ប្រជាពលរដ្ឋរស់នៅប្រមាណជាង៣ម៉ឺននាក់ មានជាង៦ពាន់គ្រួសារ។ កម្លាំងខ្ញុំមាន១៣នាក់ តែសម្រាកព្យាបាលក្រោយគ្រោះថ្នាក់ចរាចរណ៍ម្នាក់ និងវះកាត់ពោះវៀនម្នាក់ សល់ពីនេះ ខ្ញុំបានចាត់អ្នកប្រចាំការម៉ោងរដ្ឋបាល ក្រែងមានពលរដ្ឋមកពឹងពាក់ការងារ អ្នកល្បាត និងសម្រួលការងារខាងក្រៅពេលថ្ងៃ អ្នកប្រចាំការវេនយប់ ពីម៉ោង៦ល្ងាចដល់ម៉ោង១២យប់ និងពីម៉ោង១២យប់ដល់ម៉ោង៦ព្រឹក។ ជារួម ដ្បិតថាកម្លាំងតិច តែយើងព្យាយាមធ្វើវាអស់ពីលទ្ធភាព ពិសេសគឺសេវាសន្តិសុខតែម្ដង »។
លោកបានបន្ថែមថា ជាមធ្យម ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ផ្តល់សេវាសៀវភៅស្នាក់ក្នុង១ខែប្រមាណ៥០ក្បាល ដោយភាគច្រើននៃអ្នកមកស្នើសុំសេវានេះ ជាអ្នកផ្លាស់ប្ដូរទីលំនៅ និងខ្លះត្រូវធ្វើថ្មីក្រោយមានការកែសម្រួលដែនដីរដ្ឋបាល។ ផ្អែកលើបទពិសោធន៍កន្លងមក លោកនាយប៉ុស្ដិ៍បានសំណូមពរឱ្យប្រជាពលរដ្ឋមកស្នើសុំសេវាសៀវភៅស្នាក់នៅ ត្រូវយកឯកសារដែលច្បាប់តម្រូវឱ្យបានគ្រប់ និងកុំភ្លេចយកឯកសារនោះទៅបញ្ជាក់នៅច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ ឧទាហរណ៍ដូចជាសំបុត្រកំណើត។ល។ ចៀសវាងមកដល់ហើយខ្វះឯកសារត្រូវត្រឡប់ទៅយកវិញ ឬទៅបញ្ជាក់វិញ ពេលខ្លះក៏ទៅយកដល់ស្រុកកំណើតក៏មាន។
សូមបញ្ជាក់ថា សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ សេវាធ្វើសៀវភៅស្នាក់នៅពុំមានបង់ប្រាក់ទេ និងមានរយៈពេលមិនលើសពី ១០ (ដប់) ថ្ងៃឡើយ ក្នុងករណីមានឯកសារគ្រប់តាមច្បាប់។
ដើម្បីស្នើសុំសេវានេះ ពលរដ្ឋត្រូវមានឯកសារណាមួយ ដូចជា បើពលរដ្ឋខ្មែរ ត្រូវមានសេចក្ដីចម្លងសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់ជាមួយសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍)។ បើជាអ្នកជួលលំនៅឋានដែលពុំទាន់បានចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍នៅតាមលំនៅឋានណាមួយ ត្រូវមានឯកសារបន្ថែមដូចជាកិច្ចសន្យាជួលលំនៅឋាន និងលិខិតបញ្ជាក់ពី ម្ចាស់លំនៅឋាន ឱ្យប្រើប្រាស់អាសយដ្ឋានដែលមានការបញ្ជាក់ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់៕
កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រគល់ត្រាស្ងួតសម្រាប់បោះលើសៀវភៅគ្រួសារ(ក៤)

ខេត្តកំពង់ឆ្នាំ៖ នៅថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង...

២៤ តុលា ២០២០

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជ...

២៩ ឧសភា ២០២៥

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ភាគីកម្ពុជា​បានស្នើជាថ្មីឱ្យ​ភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ភាគីកម្ពុជា​បានស្នើជាថ្មីឱ្យ​ភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីអនុវត្ត...

១៦ មករា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គោរពផ្ញើសារជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គោរពផ្ញើសារជ...

១៦ មករា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម