១៧ចំណុច ដែលមន្ត្រីនគរបាលជាតិដាច់ខាតត្រូវវៀរចាកក្នុងភារកិច្ចបម្រើប្រជាពលរដ្ឋ!
ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ១០:៤៩ ព្រឹក

១៧ចំណុច ដែលមន្ត្រីនគរបាលជាតិដាច់ខាតត្រូវវៀរចាកក្នុងភារកិច្ចបម្រើប្រជាពលរដ្ឋ!

១៧ចំណុច ដែលមន្ត្រីនគរបាលជាតិដាច់ខាតត្រូវវៀរចាកក្នុងភារកិច្ចបម្រើប្រជាពលរដ្ឋ!
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអធិប្បាយ ក្រើនរំលឹកដល់មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវវៀរចាក និងដាច់ខាតមិនត្រូវប្រព្រឹត្តនូវអ្វីដែលជាការហាមឃាត់ទាំង ១៧ចំណុច ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ។ ចំណុចទាំង១៧ ដែលអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អធិប្បាយក្រើនរម្លឹកនោះ មានដូចខាងក្រោម៖
ទី១.មន្ត្រីទាំងអស់មិនត្រូវ ប្រព្រឹត្តអំពើទាំងឡាយណា ដែលធ្វើឱ្យអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន។
ទី២.មិនត្រូវ ធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ទី៣.មិនត្រូវ ពាក់ព័ន្ធនិងឃុបឃិតជាមួយជនល្មើសក្នុងការប្រព្រឹត្តរាល់អំពើខុសច្បាប់ ក្នុងអាជីពជាមន្ត្រីនគរបាលជាតិ មានភារកិច្ចបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ទី៤.មិនត្រូវ យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួន ដែលជាហេតុធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះ និងជះឥទ្ធិពលមិនល្អដល់សង្គមជាតិ។
ទី៥.មិនត្រូវ សម្លុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ យកឥទ្ធិពល ឬអំណាចនៅក្នុងមុខងារ ឬយកមន្ត្រីនគរបាលជាតិ នៅក្រោមបង្គាប់របស់ខ្លួនទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយ។
ទី៦.មិនត្រូវ ចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល គ្រប់គ្រងក្រុមហ៊ុនឯកជន ឬធ្វើអាជីវកម្មដោយផ្ទាល់ ឬដោយប្រយោល ដែលជាហេតុធ្វើឱ្យមានទំនាស់ផលប្រយោជន៍។
ទី៧.មិនត្រូវ ប្រើមុខងារបំពេញភារកិច្ច និងប្រើប្រាស់មធ្យោបាយសម្ភាររបស់រដ្ឋ ដើម្បីបម្រើសកម្មភាព និងផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយឡើយ។
ទី៨.មិនត្រូវ ប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាព បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ល្បែងស៊ីសង និងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ។
ទី៩.មិនត្រូវ ទទួលទានគ្រឿងស្រវឹង ឬស្រវឹងក្នុងពេលម៉ោងរដ្ឋបាល ឬក្នុងពេលបំពេញបេសកកម្ម។
ទី១០.មិនត្រូវ សមគំនិត ឬផ្តល់មធ្យោបាយ ដើម្បីធ្វើសកម្មភាពអ្វីមួយ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម ផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍រួម។
ទី១១.មិនត្រូវ ថ្លែងឬបកស្រាយជាសាធារណៈអំពីកិច្ចការផ្ទាល់ខ្លួន ជំនឿ សាសនា គណបក្សនយោបាយ ឬការសម្ងាត់របស់នគរបាលជាតិ ដោយប្រើតួនាទីក្នុងអង្គភាពឬឈ្មោះអង្គភាព ទោះក្នុងឯកសណ្ឋានមន្ត្រីនគរបាលជាតិ ឬក្នុងឯកសណ្ឋានស៊ីវិល។
ទី១២.មិនត្រូវ លក់ឬផ្តល់រូបភាព វីដេអូ ខ្សែអាត់សំឡេង ព័ត៌មានទាក់ទងនឹងសកម្មភាព ឬកិច្ចការនគរបាលជាតិទៅឱ្យអ្នកដទៃ។
ទី១៣.មិនត្រូវ ធ្វើឱ្យមានការរអាក់រអួល ការយឺតយ៉ាវ ឬរាំងស្ទះដល់កិច្ចប្រតិបត្តិការ ឬការងារប្រចាំថ្ងៃរបស់អង្គភាព។
ទី១៤.មិនត្រូវ ប្រព្រឹត្ត ឬញុះញង់បណ្តាលឱ្យមានការធ្វើទារុណកម្ម ការប្រព្រឹត្តអំពើឃោឃៅ និងអមនុស្សធម៌ ឬទណ្ឌកម្មឯទៀត។
ទី១៥.មិនត្រូវ ពាក់សក្តិ គ្រឿងឥស្សរិយយស ឬសញ្ញាសម្គាល់ ដែលមិនបានផ្តល់ជូនដល់សាមីខ្លួន តាមសេចក្ដីសម្រេច ប្រកាស អនុក្រឹត្យ ឬព្រះរាជក្រឹត្យ ដោយមិនស្របច្បាប់ ឬមិនត្រឹមត្រូវតាមការកំណត់។
ទី១៦.មិនត្រូវ បង្កជម្លោះ ប្រើអំពើហិង្សាក្នុងអង្គភាព ឬក្នុងពេលបំពេញបេសកកម្ម និងទី១៧- មិនត្រូវ ធ្វើសកម្មភាព ឬផ្សព្វផ្សាយក្នុងអង្គភាព ទោះក្នុងរូបភាពណាក៏ដោយ ដែលនាំឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងប៉ះពាល់ដល់ទឹកចិត្តមន្ត្រីនគរបាលជាតិ។
គួរបញ្ជាក់ថា បម្រាម និងវិន័យដ៏ម៉ឺងម៉ាត់ទាំង១៧ចំណុចនេះ ត្រូវបានលោក ទូច សុឃៈ ដកស្រង់ចេញពីប្រកាសលេខ ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា។ លោកសង្ឃឹមថា មន្ត្រីនគរបាលជាតិទាំងអស់ នឹងរួមគ្នាគោរព និងអនុវត្តតាមប្រកាសនេះឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយសរបស់កងកម្លាំង ក៏ដូចជាពង្រឹងជំនឿទុកចិត្ត និងភាពកក់ក្តៅទ្វេដងជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕
ដោយលោក សេង បូលីន

អត្ថបទផ្សេងៗ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរ...

១៩ ធ្នូ ២០២៥

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន្តថ្មី

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករ...

២៦ មករា ២០២១

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសេចក្ដីព្រាងប្រកាស

កិច្ចប្រជុំពិភាក្សារៀបចំសេចក្ដីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីបែបបទនីតិវិធី នៃការចុះបញ្...

៣០ សីហា ២០២៤

នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយបញ្ហាកំហុស

នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រ...

១៤ កុម្ភៈ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម