ការជំនះឧបសគ្គពីអតីតកាល៖ កម្ពុជាជម្រុញការចុះបញ្ជីអត្រានុកូលដ្ឋានជាសកល
ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥ ១៩:៣៩ ល្ងាច

ការជំនះឧបសគ្គពីអតីតកាល៖ កម្ពុជាជម្រុញការចុះបញ្ជីអត្រានុកូលដ្ឋានជាសកល

ដោយ កឧត្តម ឧត្តមសេនីយ៍ បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា , Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និង Rachael Beavan, នាយកផ្នែកស្ថិតិ នៃអង្គការ ESCAP

ក្នុងអំឡុងរបបខ្មែរក្រហម ការចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធអត្តសញ្ញាណកម្មរបស់កម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

កឧត្តម បណ្ឌិត តុប នេត ដែលជាបុគ្គលម្នាក់រងផលប៉ះពាល់ដោយផ្ទាល់ បានរំលឹក​ឱ្យដឹងថា “ក្រោយពេលដែលយើងបានបាត់បង់រាល់ឯកសារអត្តសញ្ញាណរបស់យើង យើងត្រូវកសាងអ្វីៗគ្រប់​យ៉ាងតាមរយៈការចងចាំរបស់យើង។ ឪពុករបស់ខ្ញុំបានសរសេរឈ្មោះ និងថ្ងៃខែឆ្នាំកំណើត នៅលើ​ជញ្ជាំងវត្តក្នុងភូមិរបស់ខ្ញុំ ហើយនេះគឺជាភស្តុតាងលាយលក្ខណ៍អក្សរតែមួយគត់ដែលនៅសល់”

ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកសាងប្រព័ន្ធនេះឡើង​វិញ។ កាលពីខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រា​នុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលនេះគឺជាជំហានមួយដ៏ធំក្នុងការឆ្ពោះទៅបង្កើតប្រព័ន្ធ​អត្រា​នុកូល​ដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ព្រមទាំងការបង្កើតមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីមួយ​សម្រាប់​​អត្តសញ្ញាណឌីជីថល។

ស្ថិតក្រោមច្បាប់នេះ បុគ្គលរាប់ម៉ឺននាក់ដែលកើតនៅប្រទេសកម្ពុជា និងកន្លងមកពុំមានឯកសារ​អត្តសញ្ញាណ នឹងទទួលបានអត្តសញ្ញាណស្របច្បាប់ ដែលចំណុចនេះនឹងជួយភ្ជិតភាពខ្វះចន្លោះ​ពីអតីតកាល ចំពោះការទទួលបានសិទ្ធិ និងសេវាកម្ម។ ការចុះបញ្ជីអត្រានុកូលដ្ឋាន មិនត្រឹមតែជា​​ការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសិទ្ធិមនុស្សមូលដ្ឋានផងដែរ។

បើទោះបីជាដំណើររបស់ប្រទេសកម្ពុជាមានលក្ខណៈពិសេសខុសប្លែកពីប្រទេសដទៃក្តី ប្រព័ន្ធ​អត្រា​នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននៅគ្រប់កន្លែង សុទ្ធសឹងតែមានសារសំខាន់ដូចគ្នា។ ប្រព័ន្ធ​អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានដែលមានភាពសុក្រឹត្យ និងបរិយាប័ន្ន ផ្តល់នូវទិន្នន័យដែល​គេត្រូវការ ដើម្បីធានាឱ្យបាននូវលទ្ធភាពស្មើគ្នា ក្នុងការទទួលបានការថែទាំសុខភាព ការអប់រំ និងកិច្ចគាំពារសង្គម។ អត្រា​នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ផ្តល់នូវអត្តសញ្ញាណស្របច្បាប់ ដែលនេះគឺជាឆ្អឹងខ្នងនៃបរិយាប័ន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក៏ជាមូលដ្ឋានគ្រឹះ នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ផងដែរ។ សម្រាប់ក្រុមដែលមិនសូវទទួលបានការ​យកចិត្តទុកដាក់ ជាពិសេសគឺក្រុមស្ត្រី កុមារ និងប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ប្រព័ន្ធ​​អត្រា​នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន គឺជាមាគាមួយដែលនាំឱ្យពួកគេទទួលបាននូវ​សេចក្តី​ថ្លៃថ្នូរ។

រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃ​ទៀត ដូចជា Vital Strategies និង Global Health Advocacy Incubator ក្រោមគំនិតផ្តួចផ្តើម​ស្តីពីទិន្នន័យសម្រាប់សុខភាពរបស់ Bloomberg Philanthropies សម្រេចបាននូវវឌ្ឍនភាពគួរឱ្យ​កត់សម្គាល់ ក្នុងការកសាងប្រព័ន្ធអត្រា​នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានមួយ ដែលមានលក្ខណៈ​សកល បរិយាប័ន្ន និងរចនាឡើងសម្រាប់អនាគត។ នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត អត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គូសបញ្ជាក់ថាអន្តរប្រតិបត្តិការនៃប្រព័ន្ធ អត្រា​​នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល​សាធារណៈ ដែលធានាបាននូវការជឿទុកចិត្ត សុក្រឹត្យភាព និងលើកកម្ពស់ប្រសិទ្ធផល និងសមធម៌។ ជាមួយនឹង​ចក្ខុវិស័យនៃការបង្កើតសេដ្ឋកិច្ច និងសង្គមឌីជីថលមួយដែលមានបរិយាប័ន្ន កម្ពុជាកំពុងអភិវឌ្ឍ ​ថ្នាលមួយដែលបង្កលក្ខណៈ អាចឱ្យប្រមូលទិន្នន័យបានភ្លាមៗ ការធ្វើសមាហរណកម្មដោយរលូន ជាមួយប្រព័ន្ធសុខាភិបាល ប្រព័ន្ធកិច្ចគាំពារសង្គម និងប្រព័ន្ធអប់រំ ព្រមទាំងធានាបានផងដែរ​នូវ​ការ​ពិនិត្យ​​ផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល។ អភិក្រមនេះជួយពង្រឹងដល់ការងារអភិបាលកិច្ច សម្រប​សម្រួល​ការផ្តល់សេវាកម្ម និងគាំទ្រការចូលរួមនៅក្នុងសេដ្ឋកិច្ច ជាពិសេសចំពោះសហគមន៍ដែល​មិន​សូវ​ទទួលបានការយកចិត្តទុកដាក់។ កម្ពុជាបានផ្តល់អាទិភាពទៅលើការងារអត្រា​នុកូលដ្ឋាន និងស្ថិតិ​អត្រា​នុកូលដ្ឋាន​ ដោយសារតែអត្តសញ្ញាណស្របច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល​សាធារណៈ គឺជាស្ពានមួយដែលភ្ជាប់ទំនាក់ទំនងរវាងបុគ្គលទៅនឹងសិទ្ធិរបស់ពួកគេ រវាងសហគមន៍ និងរដ្ឋាភិបាល និងរវាងប្រទេសជាតិ និងវឌ្ឍនភាពដែលសម្រេចបាន។

ការរៀនសូត្រពីដំណើរអនុវត្តការងារ និងគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមក មានសារសំខាន់​ណាស់ ព្រោះវាគឺជា​មូលដ្ឋានគ្រឹះគន្លឹះមួយ នៃបណ្តាញមន្ត្រីអត្រានុកូលដ្ឋាន ដែលត្រូវបានបង្កើត​ឡើង​នៅ​តំបន់អាស៊ី និងប៉ាស៊ីហ្វិក។ បណ្តាញចំនួនពីរ មានវត្តមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺបណ្តាញ​មន្ត្រីអត្រានុកូលដ្ឋានតំបន់ប៉ាស៊ីហ្វិក និងអ្នកវិជ្ជាជីវៈផ្នែកអត្រានុកូលដ្ឋាននៃតំបន់​អាស៊ីខាងត្បូង។

នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​លើកទីពីរនៃបណ្តាញអ្នកវិជ្ជាជីវៈអត្រានុកូលដ្ឋានអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ ផ្តោត​លើការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់អ្នកវិជ្ជាជីវៈអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន នៅ​អាស៊ី​អាគ្នេយ៍។

អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន៖ មារគាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព

របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគោលដៅ ១៦.៩ (អត្តសញ្ញាណ​ស្របច្បាប់សម្រាប់ទាំងអស់គ្នា) គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ក្នុងការធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល។ វឌ្ឍនភាពរបស់កម្ពុជា នៅក្នុងកំណែទម្រង់អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន គឺជាមោទនភាព និងជាមូលដ្ឋានគ្រឹះ​មួយ សម្រាប់ការរីកចម្រើននៅពេលអនាគត។

ខណៈពេលដែលវត្សរ៍អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក ឈាន​ដល់​ទីបញ្ចប់ ហើយសហគមន៍អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន កំពុងទន្ទឹង​រង់ចាំ​សន្និសីទ​​ថ្នាក់រដ្ឋមន្ត្រីលើកទី៣ ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន នៅអាស៊ី និង​ប៉ាស៊ីហ្វិក នេះ​គឺជា​ខណៈពេលមួយដ៏សំខាន់សម្រាប់កម្ពុជា និងតំបន់ទាំងមូល។ រដ្ឋសមាជិក និងដៃគូអភិវឌ្ឍន៍ កំពុងពិនិត្យកែសម្រួលការប្តេជ្ញាចិត្តរបស់ខ្លួនឡើងវិញ ចំពោះការចុះបញ្ជីអត្រានុកូលដ្ឋានជាសកល និងប្រកបដោយ​បរិយាប័ន្ន ព្រមទាំងកំពុងត្រៀមលក្ខណៈផងដែរសម្រាប់បដិវត្តន៍ឌីជីថល។

ដើម្បីសម្រេចបានការចុះបញ្ជីជាសកល និងប្រកបដោយបរិយាប័ន្ន យើងត្រូវការភាពជា​ដៃគូ​រឹងមាំ។ រដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការសហប្រជាជាតិ ត្រូវធ្វើការរួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហាប្រឈមនានា គាំទ្រដល់ក្រុមដែលមិនសូវទទួលបានការយកចិត្តទុកដាក់ និងកសាងឱ្យបាន​នូវប្រព័ន្ធដែលមិនទុកនរណាម្នាក់ចោលយ៉ាងពិតប្រាកដ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តធ្វើឡើងនៅពេលខាងមុខនេះ គឺជាខណៈពេលមួយដ៏សំខាន់ ក្នុងការច្របាច់បញ្ចូលវឌ្ឍនភាពថ្នាក់តំបន់។ តាមរយៈការធ្វើការរួមគ្នា យើងអាចកសាងប្រព័ន្ធអត្រា​នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលមិនត្រឹមតែមានភាពសមស្របសម្រាប់តែសតវត្សរ៍ទី២១ ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចយកមកប្រើប្រាស់ជាការឆ្លុះបញ្ចាំងមួយដ៏ខ្លាំងក្លា ចំពោះការប្តេជ្ញាចិត្តរួមគ្នា​របស់យើង ក្នុងការបង្កើតពិភពមួយកាន់តែមានបរិយាប័ន្ន និងសមធម៌ ដែលផ្តល់ការទទួលស្គាល់ រាប់ចំនួនមនុស្ស និងផ្តល់ភាពអង់អាចដល់បុគ្គលគ្រប់រូប។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំឧបករណ៍សម្ភារៈ សម្រាប់ការរៀបចំប្រព័ន្ធរួម អត្តសញ្ញាណប្រជាជន (IPIS)

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំឧបករណ៍សម្ភារៈ សម្រាប់ការរៀបចំប្រព័ន្ធរួម អត្តសញ្ញាណប្រជាជន (IPIS)...

០៤ វិច្ឆិកា ២០២៤

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋានន...

១៧ មីនា ២០២២

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង...

០៧ តុលា ២០២០

កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ អគ្...

៣០ មិថុនា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម